Thursday, July 20, 2017

កំណត់ហេតុរបស់ ជីវ តាក្វាន់ - យោបល់របស់អ្នកបកប្រែ និពន្ធ​ដោយ​​លោក​លី ធាមតេង


Posted: Sep-09-2015


អត្ថ ​បទ​​​នេះ​បាន​​​​ដក​ទាំង​ស្រុង​​ចេញ​ពី​សៀវ​ភៅ​កំនត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនលា​ដែល​និពន្ធ​ដោយ​​លោក​លី ធាមតេង ។​​

កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា ដែលមិត្ដអ្នកអានកំពុងកាន់នៅដៃនេះ ពិត​ជា​ឯកសារ​ពិសិដ្ឋ​មួយ​នៃប្រវត្ដិសាស្រ្ដខ្មែរយើង។ សៀវភៅប្រវត្ដិវិទ្យា ឬអត្ថបទណាមួយដែលស្ដីពីស្រុកខ្មែរ មិន​ដែល​​​ចន្លោះឈ្មោះឯកសារជីវ តាក្វាន់នេះឡើយ។ កូនខ្មែរគ្រប់រូបរៀនប្រវត្ដិប្រទេសរបស់ខ្លួនមិន​ដែលនរណាមួយ​មិន​​ស្គាល់​​ ឈ្មោះ ជីវ តាក្វាន់ទេ ប៉ុន្ដែ​ការ​ដែលយើងស្គាល់នោះ សុទ្ធតែឮពាក្យតៗគ្នា កត់ចម្លងតៗគ្នា ពីសៀវភៅ​មួយ​​​ទៅសៀវភៅមួយ តាម​រយៈ​សៀភៅ​ដើម​ជា​ភាសា​បារាំង​ដែល លោក ប៉ូល ប៉ែល្លីយ៉ូត៍ (Paul Pelliot) បានប្រែ​សំរួលចេញពីអត្ថបទចិន ហើយ​បោះពុម្ព​ផ្សាយ​ដំបូង​ក្នុង​ព្រឹត្ដិបត្រ​នៃ​ភាសា​បារាំង​នៅ​ចុងបូព៌ា Bulletin de l' école​ Francaise d' Extrème-Orient (BEFEO) ពីឆ្នាំ១៩០២ ហើយ​ក្រោយ​មកពេលដែលលោកប៉ែល្លី​យ៉ូត៍​​​​​​​ទទួលមរណភាពទៅ លោក ហ្សក សឺដែស (George Cœdès) ក៏យកស្នាដៃនេះ មានទាំង​អត្ថាធិប្បាយ​​​​បន្ថែម​ក្បោះក្បាយផង ទៅបោះពុម្ពរួបរួមជាសៀវភៅមួយឡើងពីគ.ស.១៩៥១។ លោកប៉ែល្លី​យ៉ូត៍​បាន​បញ្ជាក់​ក្នុង​អារម្ភ​កថា ថាលោកបានព្យាយាមបកប្រែតាមការស្រាវជ្រាវរកឯកសាររបស់ ជីវ តាក្វាន់ ដែលមាន​លោក ហ្សង់-ព្យែរ អាបែល-រ៉េមុសាត៍ (Jean-Pierre Abel-Rémusat) បានប្រែផ្សាយម្ដងហើយពី គ.ស.​១៨១៩ ប៉ុន្ដែមិនទាន់​គ្រប់សព្វ។ ខ្លួនលោកបានទៅនៅប្រទេសចិនអស់ច្រើនឆ្នាំ ទើបប្រែបាន​ជាស្នាដៃ​នេះ។

យើង​ជាខ្មែរ យើងសូមគោរព អរគុណពិសេស ចំពោះលោកអ្នកស្រាវជ្រាវជំនាញទាំងនេះ ទុក​ដូចជា​ជួយ​រើ​កកាយ​កំណប់​ដ៏​មាន​តម្លៃ​មួយ​ឱ្យ​យើងដែរ។ ប៉ុន្ដែដោយលោកអ្នកប្រែនោះឯង មិនមែនជាខ្មែរម្លោះហើយយើងចេះ​តែ​មាន​ចិត្ដតូចមួយមមៃនឹកជានិច្ចថា ប្រសិន​បើ​មាន​ខ្មែរណាប្រែចេញពីអត្ថបទភាសាចិនផ្ទាល់តែម្ដង យើងដូចជាអស់​ចិត្ដជាង ទោះបី​ការ​បកប្រែ​នោះ​មិន​ជ្រៅជ្រះ​ឆ្អិនឆ្អៅ​ណាស់​ណា​ក៏​ដោយ ។

ខ្ញុំធ្លាប់បានរៀនអក្សរចិនអស់បួនឆ្នាំ កាលនៅពីក្មេងតែភ្លេចភ្លាំងទៅវិញស្ទើរគ្មានសល់ នៅចាំបានតែ​តួអក្សរណា​ធ្លាប់ប្រើញឹកញាប់ និងនៅចេះសរសេរចំលងតាមគេកើត ។ ទាំងពាក្យទាំងអក្សរចិនមកបញ្ជាក់ផង ដូចជា​ឈ្មោះ​ស្រុក ឈ្មោះរបស់ ឈ្មោះការផ្សាយ ជាដើម ខ្ញុំក៏ចេះតែកត់ទុកៗ នូវអក្សរចិនទាំងនោះ​គ្រាន់ជា​ឯកសារ ។

សំណាងមាន នៅឆ្នាំ១៩៦២ ខ្ញុំបានទទួលបេសកកម្មមួយខាងវប្បធម៌ ឱ្យខ្ញុំដឹកនាំគណៈប្រតិភូអ្នកនិពន្ធខ្មែរទៅ​កាន់​ប្រទេសចិន។ ខ្ញុំនឹកជាប់ក្នុងចិត្ដជានិច្ចថា ក្នុងដំណើរនេះខ្ញុំនឹងសាកសួរគេរកឯកសារស្នាដៃ ជីវ តាក្វាន់ ឱ្យ​បាន​​ឃើញផ្ទាល់ភ្នែកតែម្ដង បំណាច់​បាន​មក​ជាន់​ដីស្រុកកំណើត ជីវ តាក្វាន់ ហើយ។ នៅពេលដែលខ្ញុំជួប​សន្ទនា​​ជាមួយនឹងរដ្ឋមន្រ្ដីក្រសួងវប្បធម៌ចិន ដែល​កាល​នោះ​ជា​ប្រធាន​សមាគម​អ្នកនិពន្ធចិនផងនោះ ខ្ញុំបានស្នើ​នឹង​គេ​អំពី​​បំណងចង់ឃើញ និងចង់ចំលងឯកសារជីវ តាក្វាន់នេះ។ រដ្ឋមន្រ្ដីវប្បធម៌នោះឯង ទទួលរ៉ាប់រង​បំពេញ​បំណង​ខ្ញុំ។ យប់នោះខ្ញុំអរក្រៃលែង អរបន់ឱ្យតែភ្លឺឆាប់ នឹងបានទៅទស្សនាបណ្ណាល័យជាតិរបស់គេ តែ​មិន​ទាន់​បាន​ទៅភ្លាមទេ ព្រោះមានកម្មវិធីទៅទស្សនាទីឆ្ងាយៗពីនេះសិន។ ទាល់តែប្រាំថ្ងៃក្រោយមកទើបគេនាំខ្ញុំ​ទៅកាន់ទី​ទុក​ឯកសារនេះ ដែល​គេ​ហៅ​ថាផ្នែកខាងសៀវភៅកំរ ស្ថិតនៅក្នុងបណ្ណាល័យជាតិ ក្រុងប៉េកាំង។ នាយក​បណ្ណា​ល័យ​​នាំសហការីគេពីរនាក់ទៀតនៅរង់ចាំខ្ញុំ គឺនាយផ្នែកខាងសៀវភៅកំរ និងអ្នកឯកទេសខាងការស្រាវជ្រាវប្រវត្ដិ​ចុង​បូព៌ាប្រទេសឈ្មោះ ទា សីវម៉េង អាយុ៦៩ឆ្នាំ។ គឺលោកទា សីវម៉េង នេះហើយដែលបាន​រើសៀវភៅ​ក្រាស់ៗ​មួយ​គំនរ​មកចាំបង្ហាញខ្ញុំ​ ដែលសុទ្ធសឹងជាសៀវភៅមានស្ដីទាក់ទងនឹងប្រវត្ដិសាស្រ្ដខ្មែរ ហើយសុទ្ធតែសៀវភៅ​ដែល​​​​​បោះពុម្ព​​តាំងពីសតវត្សទី ១៤, ១៥, ១៦ និង ១៧ មកម្ល៉េះ។ គេសន្ទនានឹងខ្ញុំយ៉ាងច្រើន ហាក់ដូចជាចង់​ល្បង​ថាតើខ្ញុំទទូចរកឯកសារនេះ ជាអ្នកចេះដឹងខាងប្រវត្ដិស្រុកទេសមែនទែន ឬ ក៏គ្រាន់តែរកៗទៅទេ? ជាភ័ព្វ​ល្អ ខ្ញុំធ្លាប់​បានមើលឯកសារច្រើន ស្ដីពីការទាក់ទងរវាងស្រុកទាំងពីរនេះ ហើយមុននឹងទៅស្រុកគេក៏​ខ្ញុំ​បាន​កត់​ត្រា​​ឯកសារនេះច្បាស់ៗទៀត ព្រោះបេសកកម្មខ្ញុំចំលើរឿងវប្បធម៌នេះឯងផងម៉្លោះហើយ ខ្ញុំឆ្លើយនឹងគេ​រហ័ស​​ហួន​ណាស់ រហូតគូសន្ទនាទាំងបីនាក់នោះ នាំខ្ញុំទៅជួបនឹងបណ្ឌិតសភាខាងប្រវត្ដិសាស្រ្ដទៀត ។

ក្នុង​ បណ្តាសៀវភៅក្រាស់ៗទាំងនេះ មានខ្លះនិយាយពីស្រុកយើងតែ ១ឬ២ ទំព័រប៉ុណ្ណោះទេ មាន​តែ​មួយ​ប៉ុណ្ណោះ​​​​​ដែល​មាន​សេចក្ដី​វែង​ក្បោះក្បាយ គឺប្រវត្ដិក្នុងរាជសន្ដិវង្ស ម៉ុងហ្គោលដែលមានមួយភាគធំ និយាយពីការ​ចាត់អ្នក​កត់ត្រាមកស្រុក ចេនឡា គឺលោក ជីវ តាក្វាន់ នេះឯង ។ ខ្ញុំសុំចម្លងអត្ថបទនេះទាំងស្រុង ដែលមានចំនួន ៦៣ ទំព័រ គេក៏ព្រមថតចំលងអត្ថបទនេះឱ្យខ្ញុំ បាន​ជា​ហ្វីល​មួយ​ខ្សែ​វែង។ លុះមកដល់ស្រុកវិញ ខ្ញុំផ្ដិតចេញជាសន្លឹក​អក្សរ ហើយអនិច្ចា! នៅតែអង្គុយមើល ៗ វាយសេចក្ដីមិនបែកសោះ។ ខ្ញុំ​បាន​យក​អក្សរ​ថតផ្ដិតនេះ បិទធ្វើជា​សៀវភៅ​មួយ ហើយយកទៅតំកល់ទុកនៅសមាគមអ្នកនិពន្ធខ្មែរ ព្រោះ​សង្ឃឹម​ក្រែង​ថ្ងៃ​ក្រោយ​មាន​លោក​ណា​មួយ​ក្នុងបណ្តាអ្នកនិពន្ធ អ្នកស្រាវជ្រាវ អាចធ្វើការបកប្រែអត្ថបទនេះបាន។ ស្រាប់តែពីរឆ្នាំក្រោយមក​បាត់សៀវភៅ​នោះជាអាសារបង់ទៅ សួររកដើមចុងមិនឃើញ ខ្ញុំនឹកថា : អ្នកដែលឆ្លៀតបំបាត់សៀវភៅនេះ ពិតជាមានបំណង​យក​ទៅធ្វើឯកសារផ្ទាល់ ឬ មួយលាក់កំបាំងកុំឱ្យយើងធ្វើការបកប្រែបាន។ តែសំណាងល្អ ខ្ញុំនៅសល់ហ្វីល ក៏ផ្ដិត​បានមួយច្បាប់ទៀត ហើយក៏ចាត់ចែងបកប្រែបោះពុម្ពឱ្យបានទោះមិនទាន់ហ្មត់ចត់ ក៏បានជាផ្លូវសំរាប់​អ្នកសិក្សា អ្នកស្រាវជ្រាវ​មួយ​ផ្នែក​ធំដែរ។ មួយទៀតសំរាប់អ្នកសិក្សាបាន​ជាប្រភពមួយទៀតប្រៀបធៀប​នឹងប្រភព​ដទៃៗផង​។ ការបកប្រែនេះបានធ្វើទុក្ខខ្ញុំយ៉ាងខ្លាំង ព្រោះខ្ញុំត្រូវការពឹងរកអ្នកចេះអក្សរចិន ហើយរបៀបចិន​បុរាណ​​ទៀត ឯអ្នកចេះចិនសម័យថ្មី អានមិនយល់ច្បាស់ វាយសេចក្ដីពុំបានន័យឡើយ។ មិត្ដ​ខ្ញុំ​ម្នាក់​ឈ្មោះ អ៊ឹង ឡាយ ជាអ្នក​និពន្ធប្រលោមលោកច្រើនរឿងដែរតាំងពីឆ្នាំ១៩៥៥-៥៦ ហើយតមកគាត់ជាអ្នកឯកទេស​ប្រែរឿង​ភាពយន្ដ​​​ ចិន​ទោះ​​ជារឿងបុរាណដែលប្រើពាក្យជំនាន់ចាស់ៗ ក៏គាត់ធ្លាប់ជួបប្រទះគ្មានសល់។ មិត្ដអ៊ឹង ឡាយបានធានា​ជួយ​​ខ្ញុំ​ពេញកំលាំង។ លោកប្រែអត្ថបទនេះមួយចប់ឱ្យខ្ញុំ ហើយ​ត្រង់​ពាក្យ​ណា​ពិបាក​ពេក​គាត់​ដេញ​សួរ​ទៅ​វចនានុ ក្រម​ចិនហើយកត់ទាំងពាក្យពន្យល់ទុកឱ្យខ្ញុំផង។ មានមិត្ដខ្ញុំម្នាក់ទៀតឈ្មោះម៉ា អៀត ធ្លាប់​ធ្វើ​ជា​គ្រូបង្រៀន​អក្សរ​ខ្មែរ​នៅ​សាលា​ចិន ក៏បានជួយបកប្រែខ្ញុំមួយចំណែកផ្សេងទៀតដោយអន្លើខ្លះ មិនបានចប់ចុង​ចប់​ដើមទេ។ ខ្ញុំយក សំណៅបកប្រែទាំងពីរនេះមកមើល សំរួល​កែកុនផ្សំបញ្ចូលគ្នាដោយផ្ទៀងផ្ទាត់ខ្លះជាមួយ​អក្សរ​ចិន​ជាអត្ថបទ ដើម ដែលខ្ញុំមើលបានដោយអន្លើៗ ផ្សែផ្សំ​ផង​ហើយ​ខ្ញុំ​ផ្ទៀង​ជាមួយ​នឹងស្នាដៃប្រែរបស់លោក ប៉ែល្លី​យ៉ូត៍​​​ ជាភាសា បារាំង​​ទៀត។ ប៉ុន្ដែនៅតែមិនអស់ចិត្ដ។ លុះថ្ងៃមួយខ្ញុំជួបគ្រូចាស់ខ្ញុំ ដែល​ឥលូវ​អាយុ ៧១ឆ្នាំ​ហើយ ឈ្មោះលោក តាំង ស៊ុយគង់។ កាលខ្ញុំរៀនអក្សរចិន(១៩៤០) លោកជាសាស្រ្ដាចារ្យខាងអក្សរសាស្រ្ដ ធ្លាប់​ចេះចាំ​រឿងព្រេង សព្វគ្រប់ជាអ្នកសិក្សាដោយខ្លួនឯង តាមរបៀបចិនបុរាណ។ ឥលូវលោករស់នៅជាមួយ​កូនចៅ​ដែល​សុទ្ធ​សឹង​ជា​មន្រ្ដី​រាជការ​ យើងខ្លះនិងខ្លះជាអ្នកជំនួញ។ ខ្ញុំស្នើសុំឱ្យគាត់ជួយផ្ទៀងជាមួយខ្ញុំ លោកតា​​​​ទទួល​​ដោយរីករាយ ពេញចិត្ដនឹងកិច្ចការនេះ ដូច​មិត្ដ​ខ្ញុំទាំងពីរខាងលើដែរ។ គាត់ពន្យល់ខ្ញុំម្ដងមួយវគ្គៗ ខ្ញុំផ្ទៀង​មើលតើត្រូវន័យ សព្វគ្រប់ដូចសេចក្ដីប្រែរបស់ខ្ញុំឬទេ? បើខ្វះខ្លះខ្ញុំ​ក៏​បន្ថែម​បើមិនងាយយល់ខ្ញុំក៏ធ្វើន័យ​លក្ខណៈ​ពន្យល់​​​ខាង​ ក្រោម​​​​​​តាម​គាត់ប្រាប់។ អស់រយៈបីខែទៀតទើប​បាន​សម្រេច​យក​សេចក្ដី​បាន​ហើយ​ដែល​ចាត់​​ការបោះ​ពុម្ពពេល​នេះ។

ម្យ៉ាង​ទៀត អំពីសំនៀងភាសាចិន មានច្រើនយ៉ាងតាមគ្រាមភាសា (Dialecte) ដូចជាភាសាប៉េកាំង ស៊ាងហៃ កន្ដាំង ទាជីវ ហុកគៀន ៘ ខ្ញុំសូមបញ្ជាក់ថា លោក ជីវ តាក្វាន់ មានដើមកំណើតនៅ វ៉េង តា ខែត្រ ជាក់កាង ក្នុងភូមិភាគចិនខាងត្បូង។ ដូច្នេះ​សំដី​ភាសាលោកក៏ពិសេសតាមស្រុកនោះដែរ ។ តែមកដល់ប្រទេស ចេនឡា គ្មាន​​ចិនស្រុកគាត់មកនៅទេមានតែចិនខែត្រ គង់ទុង ឬក្វាងតាំង ខ្មែរយើងធ្លាប់ហៅចិនកន្ដាំង ចិនទាជីវ នេះឯង មករស់នៅ។ ម្លោះ​ហើយ​សំលេង​ពាក្យ​ដែល​គាត់​ប្រែ​ពី​ខ្មែរ​ទៅ​ពិបាក​ស្ដាប់​ណាស់ ព្រោះ​តាមសំនៀង​ពួកកន្ដាំង និង ទាជីវ ជាអ្នកប្រែឱ្យគាត់ផង និងតាមសំនៀងភាសាផ្ទាល់របស់ស្រុកកំណើតគាត់ផង។ ក្នុង​ការ​បកប្រែ​នេះយើងខ្ញុំ​​សំរេច​គ្នាថាយកតាមសំនៀងចិនទាជីវជាគោល ព្រោះមានតែចិនទាជីវទេ ដែល​រស់នៅ​ភាគ​ច្រើន​លើស​លុប​គេ​ក្នុង​ស្រុក​​​ខ្មែរហើយអ្នកចេះភាសាចិនឬក៏ពាក្យខ្មែរខ្លះដែលក្លាយមកពីចិនសុទ្ធតែអានតាម​សំនៀងចិនទាជីវទាំងអស់​។

ដូច្នេះ​ខ្ញុំ សូមអភ័យទោសជាមុន ពីសំណាក់លោកអ្នកដែលចេះចិនជ្រៅជ្រះ ក្រែងលោខ្ញុំ និងគី្នគ្នាខ្ញុំផ្សំគ្នាប្រែនេះ​មិនទាន់​​សព្វគ្រប់ខ្វះ​ចន្លោះ​ពាក្យពេចន៍ ។

ភ្នំពេញ ខែ មិថុនា គ.ស. ១៩៧១
លី ធាមតេង

(សូមអានវគ្គបន្ត)